ក្រុមឈ្មួញកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋប្រហែលជាដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ស្រមោលអស់ ស្របពេលគណៈបញ្ជាឯកភាពស្រុកសេសាន បានដឹកនាំកម្លាំងមន្ត្រីជំនាញបរិស្ថានខេត្ត មានទាំងមន្ត្រីសូរិយោដីនិងកម្លាំងសហគមន៍ចុះទៅដល់
ស្ទឹងត្រែង÷ ព័ត៌មានបឋម " នៅថ្ងៃទី 4 ខែមេសាឆ្នាំ 2022 គណៈបញ្ជាឯកភាពស្រុកសេសាន បានដឹកនាំកម្លាំងមន្ត្រីជំនាញបរិស្ថានខេត្ត មានទាំងមន្ត្រីសូរិយោដីនិងកម្លាំងសហគមន៍ ភូមិក្របីជ្រុំ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត
បានចុះល្បាតព្រៃនៅចំណុចត្រពាំងត្បែងនិងត្រពាំឈ្លីកជាប់ព្រំប្រទល់ក្បាលរមាសថ្មី និងស្រែស្រណុកចំណុចភ្នំដី ដោយក្រុមឈ្មួញកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនោះដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ស្រមោលអស់ ពេលដែលក្រុមការងារចុះទៅដល់ទីតាំងដីដែលលោកលីបាវបានធ្វើបង្គោល របងចំកណ្ដាលព្រៃ ដោយហ៊ុំព័ទ្ធដោយរបងលួស ហើយក៏បានជួបនឹងអ្នកគង្វាលគោ ពីរនាក់ប្ដីប្រពន្ធនិងកូនម្នាក់ ប្ដីឈ្មោះសុីខាវ អាយុប្រហែល 49 ឆ្នាំ ប្រពន្ធឈ្មោះឌួភួ អាយុជាង 40 ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។គាត់ត្រូវជា ប្អូនថ្លៃរបស់លោកលីបាវ ហើយគាត់បាននិយាយប្រាប់អ្នកសារព័ត៌មានយើងថា ស៊ីឈ្នួលឱ្យឈ្មោះ លោកលីបាវក្នុងរយៈពេលមួយខែជាងហើយ តែលោកលីបាវ មិនទាន់បើកប្រាក់ខែឱ្យទេ ។ តាមការលើកឡើងពី លោក ទូច វិចិត្រ ជានាយកដែន ប្រចាំនៅ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង បានឲ្យដឹងថា លោកនឹងខិតខំ ស្វែងរកមុខមេខ្លោងធំៗដែលកាប់ឆ្ការហ៊ុំព័ទ្ធទន្ទ្រានដីព្រៃរបស់រដ្ឋយ៉ាងអាណាធិបតេយ្យធ្វើជាកម្មសិទ្ធិនោះ យកមកផ្ដន្ទាទោសទៅតាមច្បាប់ នឹងបញ្ជូនសំណុំរឿង ទៅឱ្យព្រះរាជអាជ្ញាអមសាលាដំបូងស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់បន្ត ។
ជាចុងក្រោយប្រជាពលរដ្ឋរស់នៅក្នុងភូមិក្របីជ្រុំសប្បាយចិត្តជាខ្លាំងដែលមានមន្ត្រីជំនាញ ជួយចុះទប់ស្កាត់រាល់សកម្មភាពបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ដែលបានរួមគ្នាបង្រ្កាបបទល្មើសទាន់ពេលវេលាក្រោមកិច្ចការប្រឹក្សាយោបល់ពីអាជ្ញាធរឃុំស្រុកផងដែរក្នុងគោលបំណងការពារដីព្រៃនិងធនធានធម្មជាតិឲ្យស្ថិតនៅគង់វង្ស ។ ដោយ គឹម ដែន រាយការណ៍ចេញពីខេត្តស្ទឹងត្រែង
0 Comments