ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាទីប្រឹក្សាក្រសួងសុខាភិបាល ពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋចំនួន១.០០០នាក់ ដោយឥតគិតថ្លៃ
ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាទីប្រឹក្សាក្រសួងសុខាភិបាល ពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋចំនួន១.០០០នាក់ ដោយឥតគិតថ្លៃ នៅវត្តព្រៃឆ្លាក់ ស្ថិតសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជាដូសមូលដ្ឋាន និងដូសជំរុញ និងមានការអញ្ជេីញចូលរួមជាគណៈអធិបតី ពី លោក យូ ប៊ុននី ប្រធានក្រុមប្រឹក្សាក្រុងស្វាយរៀង និងលោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង។
ឯកឧត្តមវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជាគ្រូពេទ្យឯកទេសជំនាញៗ ដែលមានបទពិសោធន៍ព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សានៅក្រៅប្រទេស និងគ្រូពេទ្យទូទៅមកពិគ្រោះ និងព្យាបាលជំងឺ ជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះមានជំងឺទូទៅ វះកាត់ខ្នាតតូច អប់រំសុខភាព ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លើម សន្លាក់ឆ្អឹង កាមរោគ បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ …។ល។
ថ្លែងបើកយុទ្ធនាការក្នុងពិធីនេះដែរ លោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង សូមអំពាវនាវដល់អាណាព្យាបាល និងប្រជាពលរដ្ឋ ក្នុងក្រុងស្វាយរៀង ទាំងអស់ដែល ពុំទាន់បាននាំកូន ឬទៅទទួលសេវាចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ឬដូសជម្រុញ សូមទៅទទួលសេវាចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដែលរដ្ឋបាលក្រុងស្វាយរៀង បានរៀបចំក្រុមគ្រូពេទ្យប្រចាំការណ៍នៅតាមមណ្ឌលសុខភាព និងចុះតាមមូលដ្ឋាន និងគ្រប់សាលារដ្ឋ ក្នុងក្រុង។ ដោយ កុសល រាយការណ៍ចេញពីខេត្តស្វាយរៀង
0 Comments