ភ្នំពេញ-កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកកៀនកៀនស្វាយនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឡោមព័ទ្ធចាប់ក្រុមចោរក្លែងជាប៉ូលិសមួយក្រុមឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់និងដកហូតម៉ូតូចំនួន៣គ្រឿង និងគ្រឿងបន្លាស់សំរាប់ដោះដូរគ្រឿងម៉ូតូមួយចំនួន ចំណែកបក្ខពួកម្នាក់ទៀតកំពុងលាក់ខ្លួនក្នុងប្រឡាយទឹកស្អុយ។
ប្រត្តិបត្តិការណ៍តាមបង្រ្កាបក្រុមជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទុះជួលមួយកន្លែងក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៃអធិការស្រុកកៀនស្វាយបានឲ្យដឹងថា កាលពីវេលាម៉ោង ៥និង ៣០ នាទីព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០២៣ មានករណីជនសង្ស័យមួយក្រុមពាក់កាតជានគរបាល ក្លែងក្លាយ បានស្ទាក់ធាក់ប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់កំពុងដឹកសាច់គោយកទៅឲ្យម៉ូយ នៅតាមបណ្ដោយផ្លូវ ៦០ ថ្មី ស្ថិតនៅភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្រដើម្បីធ្វើការសង្គ្រោះ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានកំណត់មុខសញ្ញា និងទទួលព័ត៌មានថាជនសង្ស័យបានមកស្នាក់នៅ បន្ទប់មួយកន្លែងស្ថិតនៅម្តុំសំបុកចាប ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលខណ្ឌដង្កោ និងកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវ ខណ:ជនសង្ស័យទាំង៥នាក់បានដឹងខ្លួនមុនក៏បាននាំគ្នារត់គេចខ្លួនក្នុងប្រឡាយទឹកស្អុយ រួចហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ចំណែកបក្ខពួកម្នាក់ទៀតកំពុងពួនក្នុងកំប្លោកទឹកស្អុយសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងម៉ូតូចំនួន៣គ្រឿងរបស់ជនសង្ស័យដែលជាមធ្យោបាយសំរាប់ធ្វើសកម្មភាពជិះធាក់ប្លន់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីធ្វើការសាកសួនិងបន្តចាត់ការតាមនិតិវិធី ៕
0 Comments